ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃចន្ទ ៣កើត ខែភទ្របទ ឆ្នាំមីមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយសហគ្រាសវៀតណាមនៅកម្ពុជាដឹកនាំដោយ ឯកឧត្តម Nguyen Minh Vu ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ក្រោមការសម្របសម្រួលរៀបចំដោយឧកញ៉ា ឡេង ឫទ្ធី ប្រធានសមាគមធុរកិច្ចវៀតណាម-កម្ពុជានិងសហការី, ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងសហការី។
ក្នុងជំនួបនេះ ឯកឧត្តមអគ្គលេខាធិការបានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងស្វាគមន៍ចំពោះវត្តមានរបស់គណៈប្រតិភូ ដែលរួមមានតំណាងសហគ្រាសមួយចំនួនផងដែរ។ ក្នុងកិច្ចពិភាក្សា ឯកឧត្តមអគ្គលេខាធិការបានសង្កត់ធ្ងន់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលលើការលើកកម្ពស់វិស័យឯកជន ដោយបង្ហាញពីការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលក្នុងការស្វែងយល់ពីបញ្ហាប្រឈម និងសំណូមពររបស់វិស័យឯកជនដើម្បីរួមគ្នារកដំណោះស្រាយសមស្របសំដៅបង្កើនប្រសិទ្ធភាពការងារ និងបន្តលើកកម្ពស់ទំនុកចិត្តពីសំណាក់វិនិយោគិន។ ឯកឧត្តមអគ្គលេខាធិការក៏បានរំលឹកផងដែរពីការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរក្នុងការជំរុញសកម្មភាពពាណិជ្ជកម្មរវាងកម្ពុជានិងវៀតណាម ជាពិសេស ការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ២០ពាន់លានដុល្លារដុល្លារអាម៉េរិក។ ទន្ទឹមនឹងការលើកឡើងពីបរិយាកាសវិនិយោគជារួម និងគោលនយោបាយគាំទ្រផ្សេងៗដែលរាជរដ្ឋាភិបាលបានដាក់ចេញ ឯកឧត្តមអគ្គលេខាធិការបានជម្រាបជូនគណៈប្រតិភូបន្ថែមថា កម្ពុជាមានសក្តានុពលធំធេងក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ដែលវិនិយោគិនវៀតណាមគប្បីពិចារណាបណ្តាក់ទុនវិនិយោគក្នុងរូបភាពកែច្នៃជាផលិតផលសម្រេច ជាជាងនាំចេញក្នុងរូបភាពជាវត្ថុធាតុដើម ដូចជាការកែច្នៃស្វាយចន្ទី ដំឡូងមី ស្រូវអង្ករ កៅស៊ូ និងវិស័យឈើដាំ។
មានមតិក្នុងកិច្ចពិភាក្សា ឯកឧត្តម Nguyen Minh Vu ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា បានថ្លែងអំណរគុណចំពោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសមាគមធុរកិច្ចវៀតណាម-កម្ពុជា ដែលបានសហការរៀបចំកិច្ចពិភាក្សាដ៏មានសារៈសំខាន់ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលតែងតែបានខិតខំសម្របសម្រួលដោះស្រាយបញ្ហាប្រឈមរបស់វិនិយោគិនវៀតណាមនាពេលកន្លងមកប្រកបដោយប្រសិទ្ធភាព។ បន្ថែមលើការស្តាប់ពីបញ្ហាប្រឈម និងសំណូមពររបស់វិស័យឯកជនវៀតណាម កិច្ចពិភាក្សានាពេលនេះក៏អាចផ្តល់ឱកាសឱ្យវិនិយោគិនវៀតណាមស្វែងយល់ពីបរិយាកាស និងសក្តានុពលវិនិយោគរបស់កម្ពុជាបន្ថែមទៀតផងដែរ។ ជាមួយគ្នានេះ តំណាងវិស័យឯកជនវៀតណាមបានជម្រាបជូនអំពីគម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃដើមកៅស៊ូជាគ្រឿងសង្ហារិម គម្រោងផលិតជីសរីរាង្គ និងគម្រោងវិនិយោគដាំកាហ្វេ ហើយបង្កើតរោងចក្រកែច្នៃ។
ឯកឧត្តមអគ្គលេខាធិការបានសម្តែងនូវការស្វាគមន៍និងគាំទ្រគម្រោងវិនិយោគខាងលើ ព្រមទាំងបានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនរៀបចំបែបបទដាក់ពាក្យស្នើសុំចុះបញ្ជីគម្រោងវិនិយោគមកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឱ្យបានឆាប់។ ទន្ទឹមនេះ ឯកឧត្តមអគ្គលេខាធិការក៏បានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលក្នុងការពង្រឹងយន្តការច្រកចេញ-ចូលតែមួយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឱ្យបានពេញលេញ សំដៅផ្តល់សេវាឱ្យកាន់តែងាយស្រួល លឿន និងមានប្រសិទ្ធភាព។ មុននឹងបញ្ចប់ ឯកឧត្តមអគ្គលេខាធិការបានស្នើសុំឱ្យវិនិយោគិនយកចិត្តទុកដាក់លើកិច្ចការបីសំខាន់គឺ៖ ការការពារបរិស្ថាន ទំនួលខុសត្រូវសង្គម និងអភិបាលកិច្ចល្អដោយគោរពច្បាប់ និងការបង់ពន្ធជូនរដ្ឋ ដើម្បីរដ្ឋមានលទ្ធភាពកសាងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីផ្តល់សេវាជូនវិនិយោគិនវិញ៕