ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃពុធ ១៥កើត ខែទុតិយាសាឍ ឆ្នាំមីមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន QINGDAO JIFA GROUP ដែលដឹកនាំដោយលោកស្រី ឆិន ស័ងអ៊ីន (Chen Shuangyin) ប្រធានក្រុមហ៊ុន ។ ក្រុមហ៊ុនបានវិនិយោគបង្កើតរោងចក្រកាត់ដេរនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ស្វាយរៀង តាំងពីឆ្នាំ២០១៣មក ដោយមានកម្មករប្រមាណ៣.៥០០នាក់ ។ ដោយមានការជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ក្រុមហ៊ុនគ្រោងធ្វើការវិនិយោគបន្ថែមទៀត ក្នុងការបង្កើតជាចង្កោមឧស្សាហកម្មរាប់តាំងពីដើមទីដល់ចុងទីនៃខ្សែច្រវាក់ផលិតកម្មសម្លៀកបំពាក់រហូតដល់ការនំាំចេញ។
ជាការឆ្លើយតប ឯកឧត្តមអគ្គលេខាធិការបានកោតសរសើរ និងថ្លែងអំណរគុណចំពោះក្រុមហ៊ុន QINGDAO JIFA GROUP ដែលបានជ្រើសរើសកម្ពុជាជាទីតាំងវិនិយោគរបស់ខ្លួន តាមរយៈការបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅតំបន់សេដ្ឋកិច្ចពិសេសនៃខេត្តស្វាយរៀងនាពេលកន្លងមក។ បន្ថែមពីនេះ ឯកឧត្តមអគ្គលេខាធិការក៏បានជម្រាបជូនគណៈប្រតិភូពីសក្តានុពល និងវឌ្ឍនភាពរបស់តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាដែលបាននិងកំពុងរីកដុះដាល និងមានសកម្មភាពគួរជាទីកត់សម្គាល់។ ចំពោះគម្រោងថ្មីរបស់ក្រុមហ៊ុន ឯកឧត្តមអគ្គលេខាធិការបានលើកទឹកចិត្តឱ្យក្រុមហ៊ុនធ្វើការគិតគូរបង្កើតរោងចក្ររបស់ខ្លួននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសដែលមានស្រាប់ ជាជាងបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មី។