ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃចន្ទ ២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុន R M A Automotive (Cambodia) Co., Ltd ដឹកនាំដោយលោក ងន សាំង នាយកប្រតិបត្តិក្រុមហ៊ុន។
មានមតិក្នុងកិច្ចប្រជុំ លោក ងន សាំង បានជម្រាបជូនពីវឌ្ឍនភាពនៃគម្រោងវិនិយោគបង្កើតរោងចក្រដំឡើងរថយន្ត របស់ក្រុមហ៊ុន R M A Automotive (Cambodia) Co., Ltd និងបានចែករំលែកអំពីស្ថានភាពទីផ្សាររថយន្តនាពេលបច្ចុប្បន្ននៅកម្ពុជា។ បន្ថែមលើនេះ លោកក៏បានជម្រាបជូនអំពីគម្រោងវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្ត និងគម្រោងវិនិយោគក្នុងវិស័យមួយចំនួនទៀត ជាពិសេសគម្រោងកែច្នៃចំណីអាហារ ។
ឯកឧត្តមអគ្គលេខាធិការបានមានមតិស្វាគមន៍ និងបានអបអរសាទរចំពោះសកម្មភាពវិនិយោគរបស់ក្រុមហ៊ុននាពេលកន្លងមក រួមជាមួយនឹងការគាំទ្រចំពោះគម្រោងពង្រីកការវិនិយោគរបស់ក្រុមហ៊ុន ដែលគម្រោងទាំងនោះនឹងរួមចំណែកដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា ជាពិសេស ការចូលរួមបង្កើតការងារដល់ប្រជាពលរដ្ឋកម្ពុជា។