ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Carol Holmes ប្រធានការិយាល័យទទួលបន្ទុកកិច្ចការកម្ពុជា និងវៀតណាមនៃក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី។ ជំនួបនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើការជំរុញ និងទាក់ទាញការវិនិយោគផ្ទាល់ពីប្រទេសអូស្ត្រាលីមកកម្ពុជា។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមអគ្គលេខាធិការរងបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកស្រី Carol Holmes ដែលបានមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងអូស្ត្រាលី ជាពិសេសការគាំទ្ររបស់រដ្ឋាភិបាលអូស្ត្រាលីតាមរយៈកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់បរិយាកាសវិនិយោគ និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។ ក្នុងបរិបទនៃការលើកកម្ពស់បរិស្ថានធុរកិច្ច ឯកឧត្តមបានបរិយាយអំពីលក្ខណៈពិសេសនៃរបបវិនិយោគកម្ពុជាដែលផ្តល់នូវការសម្របសម្រួលប្រកបដោយភាពបត់បែន, ការលើកទឹកចិត្តដែលមានភាពទាក់ទាញ, និងការគាំពារយ៉ាងរឹងមាំដល់វិនិយោគិនដោយគ្មានការរើសអើង។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានលើកឡើងផងដែរអំពីការវិវត្តជាវិជ្ជមាននៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងប្រព័ន្ធភស្តុភារកម្មដែលនឹងជួយកាត់បន្ថយថ្លៃដើមផលិត និងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងតំបន់។ មុននឹងបញ្ចប់ ឯកឧត្តមបានលើកទឹកចិត្តដល់ភាគីមិត្តក្នុងការបន្តជំរុញ និងទាក់ទាញវិនិយោគិនអូស្ត្រាលីមកបណ្តាក់ទុនបន្ថែមទៀតលើវិស័យដែលផ្តល់តម្លៃបន្ថែមខ្ពស់ និងសកម្មភាពវិនិយោគដែលផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា។
ជាការឆ្លើយតប លោកស្រី Carol Holmes បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងបានកោតសរសើរចំពោះការរីកចម្រើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សរបស់កម្ពុជា។ លោកស្រីបានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលអូស្ត្រាលី ក្នុងការបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដើម្បីជំរុញ និងទាក់ទាញសហគ្រាសអូស្ត្រាលីមកសិក្សាសមិទ្ធិលទ្ធភាព និងបណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត ជាពិសេសលើវិស័យដែលមានសក្តានុពលខ្ពស់ មានជាអាទិ៍ កសិកម្ម និងកសិ-ឧស្សាហកម្ម, ថាមពលកកើតឡើងវិញ, អប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, សុខាភិបាល, និងការអភិវឌ្ឍធនធានធម្មជាតិ។