ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នារសៀលថ្ងៃអង្គារ ១៤កើត ខែទុតិយាសាឍ ឆ្នាំមីមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន Huangshan High-Tech Investment Group ដែលដឹកនាំដោយលោក វ៉ាង សាវយ៉ាង (Wang Shaoyang) ប្រធានក្រុមហ៊ុន។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមអគ្គលេខាធិការបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈប្រតិភូដែលបានចំណាយពេលអញ្ជើញមកធ្វើទស្សនកិច្ចសិក្សាស្វែងយល់ដោយផ្ទាល់ពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ពិសេស នៅក្នុងឧស្សាហកម្មស្វាយចន្ទីចំពេលវេលាដែលសមស្របបំផុត។ ឯកឧត្តមអគ្គលេខាធិការបានបន្តទៀតថារាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ស្វាហាប់ និងឈ្លាសវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជំរុញការអភិវឌ្ឍឧស្សាហកម្មស្វាយចន្ទីនេះ ដោយបានបង្កើតតំបន់សេដ្ឋកិច្ចឧទ្យានឧស្សាហកម្មចន្ទី លើផ្ទៃដីប្រមាណ ៤០០ហិកតា ស្ថិតក្នុងខេត្តកំពង់ធំ។ តំបន់កសិឧស្សាហកម្មស្វាយចន្ទី និងការវិនិយោគកែច្នៃស្វាយចន្ទី នឹងទទួលបានការលើកទឹកចិត្តទាំងផ្នែកសារពើពន្ធ និងមិនមែនសារពើពន្ធដូចដែលមានចែងក្នុងច្បាប់វិនិយោគ ក៏ដូចជាការលើកទឹកចិត្ត និងអត្ថប្រយោជន៍ពិសេសផ្សេងទៀតលើសពីអ្វីដែលមានចែងក្នុងច្បាប់ជាធរមាន។ បច្ចុប្បន្នកម្ពុជាកំពុងត្រូវការក្រុមហ៊ុនវិនិយោគកែច្នៃដោយប្រើបច្ចេកវិទ្យាទំនើបដូចជាក្រុមហ៊ុន Huangshan High-Tech Investment Group។ ក្នុងន័យនេះ ឯកឧត្តមអគ្គលេខាធិការបានស្នើយ៉ាងទទូចឱ្យក្រុមហ៊ុនរួសរាន់ក្នុងការសម្រេចចិត្តបោះទុនវិនិយោគក្នុងវិស័យឧស្សាហកម្មស្វាយចន្ទីនេះ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទាញយកផលពីស្វាយចន្ទីឱ្យអស់ពីសមត្ថភាពសំដៅបង្កើតតម្លៃបន្ថែមក្នុងស្រុកឱ្យកាន់តែច្រើន ពិសេស ការទទួលបានផលចំណេញទាំងអស់គ្នាពីវិស័យដែលកំពុងមានសក្តានុពលនេះ។ បន្ថែមពីនេះឯកឧត្តមអគ្គលេខាធិការក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនគិតគូរធ្វើការវិនិយោគលើការដាំដំទ្បូងឈើ ដើមកៅស៊ូ និងឧស្សាហកម្មឈើដាំជាដើម ដែលវិស័យទាំងនោះសុទ្ធសឹងតែជាវិស័យកសិ-ឧស្សាហកម្មដែលកំពុងមានសក្តានុពល និងអំណោយផលនៅក្នុងប្រទេសកម្ពុជាយើង។
មានមតិក្នុងឱកាសកិច្ចប្រជុំ លោក វ៉ាង សាវយ៉ាង (Wang Shaoyang) បានថ្លែងអំណរគុណដល់ឯកឧត្តមអគ្គលេខាធិការដែលបានទទួលជួបពិភាក្សាការងារដោយបានផ្តល់នូវព័ត៌មានលម្អិតនៃវិស័យឧស្សាហកម្មស្វាយចន្ទី និងវិស័យកសិ-ឧស្សាហកម្មដទៃទៀតនៅកម្ពុជា ដែលក្រុមហ៊ុនកំពុងមានចំណាប់អារម្មណ៍បណ្តាក់ទុនវិនិយោគ។ តបតាមសំណើរបស់ឯកឧត្តមអគ្គលេខាធិការខាងលើ ក្រុមហ៊ុនបានបង្ហាញនូវសុទិដ្ឋិនិយមក្នុងការគិតគូរបណ្តាក់ទុនវិនិយោគនៅកម្ពុជាក្នុងវិស័យឧស្សាហកម្មស្វាយចន្ទីនេះ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Huangshan High-Tech Investment Group គឺជាក្រុមហ៊ុនរដ្ឋចិនដ៏ធំមួយ ដែលមានមុខសញ្ញាអាជីវកម្មក្នុងវិស័យជាច្រើនរួមមាន ការនាំចេញ/ចូលផលិតផលកសិកម្ម, វិស័យឧស្សាហកម្ម, វិស័យយានយន្ត, ការផលិតឧបករណ៍ឆ្លាតវៃ និងបច្ចេកវិទ្យាទំនើប, ហិរញ្ញវត្ថុ និងសេវាកម្ម, ប្រព័ន្ធសូទ្បា និងកាបូនទាប និងការដាំដុះឈើដែលផ្តោតលើឱសថបុរាណចិនជាដើម។