12-11-2025

នាព្រឹកថ្ងៃពុធ ៧រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងជាប្រធានលេខាធិការដ្ឋានដឹកនាំ និងសម្របសម្រួលការអនុវត្តគោលនយោបាយ IDP បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងកម្រិតបច្ចេកទេស ដើម្បីពិនិត្យ និងពិភាក្សាលើការរៀបចំរបាយការណ៍វាយតម្លៃចុងអាណត្តិនៃការអនុវត្តគោលនយោបាយ IDP។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធដែលចូលរួមអនុវត្តគោលនយោបាយ IDP សរុបចំនួនប្រមាណ៧០រូប។
អង្គប្រជុំបានពិភាក្សាយ៉ាងសកម្មលើទម្រង់នៃសេចក្ដីព្រាងរបាយការណ៍វាយតម្លៃចុងអាណត្តិនៃការអនុវត្តគោលនយោបាយ IDP ព្រមទាំងបានពិនិត្យលើសូចនាករគន្លឹះ និងទិន្នន័យនានាដែលត្រូវបញ្ចូលក្នុងសេចក្ដីព្រាងរបាយការណ៍នេះផងដែរ។
ចំពោះជំហានបន្ទាប់ ក.អ.ក. នឹងបន្តកិច្ចសហការជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីប្រមូលធាតុចូលបន្ថែម និងនិន្នន័យពាក់ព័ន្ធនានា សំដៅបញ្ចប់ការរៀបចំរបាយការណ៍នេះនៅត្រឹមដំណាច់ឆមាសទី១ ឆ្នាំ២០២៦។
គួររំលឹកផងដែរថា ក.អ.ក. ត្រូវបានប្រគល់ភារកិច្ចសម្របសម្រួល អនុវត្តន៍គោលនយោបាយ IDP និងធ្វើការរាយការណ៍ជាប្រចាំជូនរាជរដ្ឋាភិបាលក្នុងការអនុវត្តកិច្ចការនេះ។ កន្លងទៅ ក.អ.ក. បានរៀបចំរបាយការណ៍ចំនួន៤រួចមកហើយដែលរួមមាន៖ (១). របាយការណ៍ស្តីពីវឌ្ឍនភាពនៃការអនុវត្ត IDP ឆ្នាំ២០១៥-២០១៦ (២). របាយការណ៍ស្តីពីវឌ្ឍនភាពនៃការអនុវត្ត IDP ឆ្នាំ២០១៧-២០១៨ (៣). របាយការណ៍ វាយតម្លៃពាក់កណ្តាលអាណត្តិនៃការអនុវត្ត IDP (៤). របាយការណ៍ស្តីពីវឌ្ឍនភាពនៃការអនុវត្ត IDP ឆ្នាំ២០២១-២០២៣ ៕