01-12-2025

ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នៅរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥នេះ, ឯកឧត្តមបណ្ឌិត សរ សិនិរ៉ា អគ្គលេខាធិការងគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំកិច្ចប្រជុំជាមួយនឹងតំណាងអគ្គនាយកដ្ឋានពន្ធដារ ដើម្បីពិភាក្សាការងារពាក់ព័ន្ធនឹងការផ្តល់សេវាថែទាំវិនិយោគ ក្រោមច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីលោកស្រីប្រធាន លោកប្រធានស្តីទីនាយកដ្ឋាន និងមន្ត្រីជំនាញចំណុះឱ្យគណៈកម្មាធិការវិនិយោគកម្ពុជា។
កិច្ចប្រជុំនេះ មានគោលដៅស្វែងយល់ពីវឌ្ឍនភាពនៃការអនុវត្តការងារដែលជាសមត្ថកិច្ចរបស់ក្រសួង ស្ថាប័នដូចមានចែងក្នុងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដោយលើកនេះផ្តោតជាពិសេសលើខ្លឹមសារការងារ ដែលស្ថិតក្រោមសមត្ថកិច្ចរបស់អគ្គនាយកដ្ឋានពន្ធដារពាក់ព័ន្ធនឹងការលើកទឹកចិត្តនានាដែលគម្រោងវិនិយោគត្រូវទទួលបាន ជាពិសេសការលើកទឹកចិត្តបន្ថែម ដោយការទទួលបានការកាត់កងចំណាយក្នុងអត្រា ១៥០ភាគរយ ពីមូលដ្ឋានគិតពន្ធ ចំពោះសកម្មភាពមួយចំនួនក្នុងអំឡុងពេលនៃការអនុវត្តគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។
គួររំលឹកជូនផងដែរថា សេវាថែទាំវិនិយោគ ត្រូវបានចែងក្នុងមាត្រា១៣ នៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងជំពូកទី៤ នៃអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីលើកកម្ពស់ភាពទាក់ទាញរបស់កម្ពុជា និងរក្សាទំនុកចិត្តរបស់វិនិយោគិនចំពោះកម្ពុជា។