28-11-2025

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ៨កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជាបានចូលរួមធ្វើបទបង្ហាញស្តីពីបរិស្ថានវិនិយោគនៅកម្ពុជាក្នុងវេទិកាតុមូលស្តីពី “ផែនការ៥ឆ្នាំលើកទី១៥ របស់ប្រទេសចិន-កាលានុវត្តភាពរបស់កម្ពុជា” ដែលរៀបចំដោយសមាគមិត្តភាព កម្ពុជា-ចិន នៅទីស្នាក់ការបស់សមាគម។ វេទិកានេះមានការអញ្ជើញចូលរួមពីថ្លែងសុន្ទរកថាដោយឯកឧត្តម ឯក សំអុល ប្រធានសមាគម និងសុន្ទរកថាដោយឯកឧត្តម Jiang Nan អគ្គទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជា ព្រមទាំងមានការចូលរួមធ្វើបទបង្ហាញពីតំណាងធនាគារចិនប្រចាំកម្ពុជា និងពីតំណាងធនាគារជាតិនៃកម្ពុជាផងដែរ។
នៅក្នុងការធ្វើបទបង្ហាញ ឯកឧត្តមអគ្គលេខាធិការរងបានគូសបញ្ជាក់លើចំណុចសំខាន់ៗមួយចំនួន ដូចជា ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា, កំណើនយ៉ាងគំហុកនៃរំហូរវិនិយោគបរទេសផ្ទាល់មកកម្ពុជាក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ, វឌ្ឍនភាពនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស, របបទឹកចិត្តវិនិយោគ, កត្តាគន្លឹះនៃការទាក់ទាញវិនិយោគមកកម្ពុជា, កិច្ចសម្រួលនិងការថែទាំវិនិយោគ ព្រមទាំងវិធានការគាំទ្រផ្សេងៗដែលរាជរដ្ឋាភិបាលបានបន្តដាក់ចេញសម្រាប់លើកកម្ពស់បរិយាកាសវិនិយោគនិងធុរកិច្ចនៅកម្ពុជាឱ្យកាន់តែមានភាពប្រកួតប្រជែងខ្ពស់។ បន្ថែមលើនេះ ឯកឧត្តមអគ្គលេខាធិការរងបានបង្ហាញនូវគម្រោងវិនិយោគធំៗរបស់ចិនដែលបានសម្រេចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជាក្នុងវិស័យផ្សេងៗ។