25-11-2025

នារសៀលថ្ងៃចន្ទ ៤កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឆ្លៀតក្នុងឱកាសចូលរួមវេទិកាស្តីពីកាលានុវត្តភាពវិនិយោគ និងពាណិជ្ជកម្ម កម្ពុជា-ចក្រភពអង់គ្លេស នៅប្រទេសសិង្ហបុរី ឯកឧត្តម លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជាបានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនសិង្ហបុរីប្រមាណ ១០ក្រុមហ៊ុន ដែលមានសកម្មភាពធុរកិច្ចក្នុងវិស័យមួយចំនួន ដូចជា អេឡិចត្រូនិក ការផ្តល់ផ្តល់សេវាប្រឹក្សាសម្រាប់ការធ្វើធុរកិច្ច ការផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះបាយ ផលិតផលសម្រាប់ទារក ម្ហូបអាហារ ភេសជ្ជៈ។
ឯកឧត្តមអគ្គលេខាធិការរង បានជម្រាបជូនពីបរិស្ថានវិនិយោគជារួមនៅកម្ពុជា និងបានគូសរំលេចនូវចំណុចសំខាន់ៗមួយចំនួន ដូចជា ហេតុអ្វីវិនិយោគនៅកម្ពុជា, របបលើកទឹកចិត្តវិនិយោគ, កាលានុវត្តភាពក្នុងវិស័យសក្តានុពល កិច្ចសម្រួលនិងការថែទាំវិនិយោគ។ បន្ថែមលើនេះ ឯកឧត្តមអគ្គលេខាធិការរងក៏បានឆ្លើយយ៉ាងក្បោះក្បាយទៅនឹងសំណួរមួយចំនួនរបស់គណៈប្រតិភូពាក់ព័ន្ធនឹងការវិនិយោគនៅកម្ពុជា។