01-12-2025

ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នារសៀលថ្ងៃចន្ទ ១១កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជាបានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនផ្តល់សេវាផ្នែកច្បាប់ DHH មកពីរដ្ឋធានីប៉េកាំងប្រទេសចិន។ សូមបញ្ជាក់ជូនថា បច្ចុប្បន្នក្រុមហ៊ុនផ្តល់សេវាផ្នែកច្បាប់ DHH មានការិយាល័យនៅប្រទេសចិន ៣៥ និងនៅបរទេសចំនួន ១៥ ព្រមទាំងមានបុគ្គលិកដែលមានវិជ្ជាជីវៈផ្នែកច្បាប់ប្រមាណជាង ៣ពាន់នាក់។ ទន្ទឹមនេះ ក្រុមហ៊ុនគ្រោងនឹងបើកការិយាល័យនៅប្រទសកម្ពុជា ថៃ និងវៀតណាម តាមរយៈដំណើទស្សនកិច្ចលើកនេះ។
នៅក្នុងកិច្ចពិភាក្សា ឯកឧត្តមអគ្គលេខាធិការរងបានជម្រាបជូនគណៈប្រតិភូអំពីបរិស្ថានវិនិយោគជារួមនៅកម្ពុជា និងចំណុចសំខាន់ៗមួយចំនួន ដូចជា ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា, កំណើននៃរំហូរវិនិយោគបរទេសផ្ទាល់មកកម្ពុជា, វឌ្ឍនភាពនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស, របបលើកទឹកចិត្តវិនិយោគ, ពន្ធដារ, កត្តាគន្លឹះនៃការទាក់ទាញវិនិយោគមកកម្ពុជា, កិច្ចសម្រួលនិងការថែទាំវិនិយោគ ព្រមទាំងវិធានការគាំទ្រផ្សេងៗដែលរាជរដ្ឋាភិបាលបានបន្តដាក់ចេញសម្រាប់លើកកម្ពស់បរិយាកាសវិនិយោគនិងធុរកិច្ចនៅកម្ពុជាឱ្យកាន់តែមានភាពប្រកួតប្រជែងខ្ពស់។ បន្ថែមលើអ្វីដែលឯកឧត្តមអគ្គលេខាធិការរងបានជម្រាបជូន គណៈប្រតិភូក្រុមហ៊ុនផ្តល់សេវាផ្នែកច្បាប់ DHH ក៏បានលើកឡើងនូវសំណួរមួយចំនួន ហើយឯកឧត្តមអគ្គលេខាធិការរងបានឆ្លើយជូនគ្រប់សំណួររបស់គណៈប្រតិភូយ៉ាងក្បោះក្បាយនិងពិស្តារ។