25-11-2025

នារសៀលថ្ងៃអង្គារ ៥កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជាបានចូលរួមធ្វើបទបង្ហាញស្តីពីបរិស្ថានវិនិយោគនៅកម្ពុជាក្នុងវេទិកាស្តីពីកាលានុវត្តភាពវិនិយោគ និងពាណិជ្ជកម្ម កម្ពុជា-ចក្រភពអង់គ្លេស នៅប្រទេសសិង្ហបុរី ដែលសហការរៀបចំដោយទីភ្នាក់ងារពាណិជ្ជកម្មចក្រភពអង់គ្លេសប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ស្ថានទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា សភាពាណិជ្ជកម្មចក្រភពអង់គ្លេសប្រចាំកម្ពុជា និងសភាពាណិជ្ជកម្មចក្រភពអង់គ្លេសប្រចាំសិង្ហបុរី។ វេទិកានេះមានការអញ្ជើញថ្លែងសុន្ទរកថាស្វាគមន៍ពីសំណាក់ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា និងលោកជំទាវRhiannon Harries អនុប្រធានស្នងការពាណិជ្ជកម្មចក្រភពអង់គ្លេសទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិក និងការថ្លែងសុន្ទរកថាគន្លឹះដោយឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងមានកិច្ចពិភាក្សាចំនួនបីស្តីពីភាពជាដៃគូក្នុងការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា, នវានុវត្តហិរញ្ញប្បទានសម្រាប់កម្ពុជា, និង ការធ្វើឱ្យស៊ីជម្រៅពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-ចក្រភពអង់គ្លេស។
នៅក្នុងការធ្វើបទបង្ហាញ ឯកឧត្តមអគ្គលេខាធិការរងបានគូសបញ្ជាក់លើចំណុចសំខាន់ៗមួយចំនួន ដូចជា កំណើននៃរំហូរវិនិយោគបរទេសផ្ទាល់មកកម្ពុជាក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ, ឧត្តមភាពកម្ពុជាជាទិសដៅវិនិយោគ, ពន្ធដារ និងការលើកទឹកចិត្តវិនិយោគ, និងការវិនិយោគក្រោមយន្តការភាពជាដៃគូរវាងរដ្ឋនិងឯកជន (PPP)។ ឯកឧត្តមអគ្គលេខាធិការរងបានគូសរំលេចពីសាវតារនៃគោលនយោបាយភាពជាដៃគូរវាងរដ្ឋនិងឯកជន ដែលចាប់ផ្តើមតាំងពីនីតិកាលទី១នៃរដ្ឋសភា រហូតដល់មានការរៀបចំក្របខណ្ឌគតិយុត្តជាច្បាប់ស្តីពីសម្បទាន និងច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋនិងឯកជន ដើម្បីកៀរគរការវិនិយោគឯកជនក្នុងការអភិវឌ្ឍជាតិ ជាពិសេស លើវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត។ បន្ថែមលើនេះ ឯកឧត្តមអគ្គលេខាធិការរងបានបង្ហាញនូវវិស័យអាទិភាពនៃគម្រោងភាពជាដៃគូរវាងរដ្ឋនិងឯកជននៅកម្ពុជា និងបញ្ជីគម្រោងក្រោមយន្តការភាពជាដៃគូរវាងរដ្ឋនិងឯកជនផងដែរ។