20-11-2025

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មការវិនិយោគកម្ពុជា បានដឹកនាំគណៈកម្មការអន្តរក្រសួងស្ថាប័នចុះពិនិត្យទីតាំងសំណើសុំវិនិយោគបង្កើតផែស្ងួតរបស់ក្រុមហ៊ុន S.S.R Co., Ltd. ដែលមានទីតាំងស្ថិតនៅក្នុងឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។ ក្នុងដំណើរបេសកកម្មការងារនេះក៏មានវត្តមានចូលរួមពីតំណាងក្រសួងសាធារណៈការនិងដឹកជញ្ជូន, ក្រសួងបរិស្ថាន, ក្រសួងផែនការ, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងតំណាងរដ្ឋបាលខេត្តព្រៃវែងផងដែរ។
គម្រោងផែស្ងួតនេះជាគម្រោងទី១ដែលបាននិងកំពុងរៀបចំបង្កើតឡើងនៅតំបន់នោះ ក្នុងទំហំទុនវិនិយោគប្រមាណជាង ២០លានដុល្លារអាមេរិក លើផ្ទៃដីទំហំប្រមាណជាង១០ហិកតា ដែលសកម្មភាពនេះនឹងចូលរួមចំណែកយ៉ាងសំខាន់គំាទ្រដល់សកម្មភាពដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែននាពេលខាងមុខនៅច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ កម្ពុជា-វៀតណាម និងបង្កើតនូវការងារជាច្រើនកន្លែងសម្រាប់ប្រជាពលរដ្ឋនៅតំបន់នោះ។ ក្នុងទិដ្ឋភាពរួមរបស់គម្រោងផែស្ងួតនេះនឹងមានការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធចាំបាច់និងគំាទ្រនានាដែលរួមមាន អគារការិយាល័យ អគារពាណិជ្ជកម្ម កន្លែងផ្លាស់ប្តូរទំនិញ ទីតាំងតម្កល់កុងតឺន័រ និងឃ្លាំងស្តុកទំនិញជាដើម។
ក្រៅពីបានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងគម្រោងវិនិយោគខាងលើ ឯកឧត្តមអគ្គលេខាធិការ ក៏បានឆ្លៀតចុះពិនិត្យមើលច្រកទ្វារព្រំដែនអន្តរជាតិអន្តរជាតិម៉ឺនជ័យ កម្ពុជា-វៀតណាមដើម្បីស្វែងយល់ពីទិដ្ឋភាពរួមនៃការវិវត្តរីកចម្រើននៅតំបន់នោះ និងបានជម្រាបជូនពីការត្រៀមលក្ខណៈរបស់គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងការចូលរួមធ្វើការជាមួយគ្រប់ភាគីពាក់ព័ន្ធ ពិសេសរដ្ឋបាលខេត្តព្រៃវែងក្នុងការផ្សព្វផ្សាយសក្តានុពលវិនិយោគរបស់តំបន់នេះជូនដល់វិនិយោគិនជាតិនិងអន្តរជាតិ។