27-11-2025

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) សហការជាមួយសភាពាណិជ្ជកម្មកម្ពុជា បានរៀបចំសិក្ខាសាលាកម្រិតខ្ពស់មួយ ដោយមានការគាំទ្រពីប្រទេសអូស្ត្រាលី ដើម្បីផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាពស្តីពីការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) លើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងចូលរួមអបអរសាទរខួប២៥ឆ្នាំនៃការបង្កើតវេទិកាកម្រិតខ្ពស់បំផុតរបស់កម្ពុជាសម្រាប់កិច្ចសន្ទនារវាងរាជរដ្ឋាភិបាល និងផ្នែកឯកជន។ វេទិកាG-PSF ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩ ក្រោមគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដើម្បីលើកកម្ពស់ការអភិវឌ្ឍវិស័យឯកជន និងការស្តារសេដ្ឋកិច្ចឡើងវិញក៏ដូចជាការផ្តល់លទ្ធភាពឱ្យវិស័យឯកជនក្លាយជាកម្លាំងចលករនៃកំណើនសេដ្ឋកិច្ច។
សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក.អ.ក. និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.រ.ជ.) និងដោយមានវត្តមានចូលរួមជាអធិបតីពីសំណាក់អ្នក ឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណគណៈកម្មាធិការសម្របសម្រួលក្រុមការងារផ្នែកឯកជនសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន, ឯកឧត្តម ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម ប៉េង ពោធិនា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន និងឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា។ សិក្ខាសាលានេះក៏មានការចូលរួមពីតំណាងក្រុមការងាររាជរដ្ឋាភិបាល និងផ្នែកឯកជននៃវេទិកាG-PSF ទាំង១៦, សភាពាណិជ្ជកម្មកម្ពុជា, ស្ថានទូត, សភាពាណិជ្ជកម្មអន្តរជាតិ, សមាគមធុរកិច្ច និងដៃគូអភិវឌ្ឍន៍នានាសរុបចំនួន ២៥០នាក់។
ស្របតាមការប្រគល់ភារកិច្ចរបស់រាជរដ្ឋាភិបាល ក.អ.ក បានបន្តធ្វើការតាមដាន និងវាយតម្លៃ និងបានរៀបចំរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការនានាក្រោមយន្តការ G-PSF ចំនួន២លើករួចមកហើយ គឺប្រចាំឆមាសទី១ និងឆមាសទី២ ឆ្នាំ២០២៤។ សម្រាប់របាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៥នេះ ជារបាយការណ៍លើកទី៣ដែលបានទទួលការឯកភាពពីកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ។ របាយការណ៍នេះបានរៀបរាប់លម្អិតអំពីវឌ្ឍនភាពនៅតាមវិស័យកំណែទម្រង់អាទិភាពរួមមាន ពាណិជ្ជកម្ម ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ ពន្ធដារ កិច្ចសម្រួលពាណិជ្ជកម្ម កសិកម្ម និងការធ្វើសាមញ្ញកម្មបទប្បញ្ញត្តិ។ល។
សិក្ខាសាលាបានចាប់ផ្តើមដំណើរការប្រព្រឹត្តទៅដោយចាប់ផ្តើមពីការថ្លែងសុន្ទរកថាស្វាគមន៍របស់អ្នកឧកញ៉ា គិត ម៉េង, សុន្ទរកថារបស់ឯកឧត្តម ដេរិក យីប និងសុន្ទរកថាដ៏ខ្ពង់ខ្ពស់របស់ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល, បន្តដោយការធ្វើបទបង្ហាញពីខ្លឹមសាររបាយការណ៍ និងវឌ្ឍនភាពការងាររបស់ផ្នែកឯកជន និងវគ្គសំណួរចម្លើយដោយមន្ត្រីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា, និងការថ្លែងសុន្ទរកថាបិទអង្គសិក្ខាសាលាដោយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា។