17-03-2026

ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃអង្គារ ១៤រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពីការលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់វត្ថុធាតុដើម (កៅស៊ូ) រវាងរោងចក្រផលិតសំបកកង់រថយន្តនៅកម្ពុជា ជាមួយនឹងសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជាក្រោមអធិបតីភាព ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំគណៈកម្មាធិការវិនិយោគកម្ពុជា, សមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជា, តំណាងក្រុមហ៊ុនវិនិយោគផលិតសំបកកង់រថយន្តទាំង៨ ដែលមានវត្តមាននៅក្នុងបណ្តាតំបន់សេដ្ឋកិច្ចពិសេសនានានៅកម្ពុជា ។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់វត្ថុធាតុដើម (កៅស៊ូ) រវាងរោងចក្រផលិតសំបកកង់រថយន្តនៅកម្ពុជា ជាមួយសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជា។ កិច្ចពិភាក្សាបានផ្តោតលើសក្តានុពល បញ្ហាប្រឈម និងដំណោះស្រាយគោលនយោបាយ ដើម្បីបង្កើនការប្រើប្រាស់កៅស៊ូក្នុងស្រុករបស់ឧស្សាហកម្មផលិតសំបកកង់រថយន្តដែលអាចចាត់ទុកថាជាការនាំចេញនៅនឹងកន្លែង។ គួរបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាមានរោងចក្រផលិតសំបកកង់រថយន្តចំនួន៨ ដែលបានបោះទីតាំងនៅតំបន់សេដ្ឋកិច្ចចំនួន៥ នៃខេត្តស្វាយរៀង ព្រះសីហនុ និងខេត្តក្រចេះ។