ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងអាជ្ញាធរមូលដ្ឋាន, តំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រចាំការនៅតាមបណ្តារដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស, និងតំណាងក្រុមហ៊ុនអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងតាមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងគោលបំណងទប់ស្កាត់ការជ្រាបចូលនូវអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះទៅក្នុងបណ្តាតំបន់សេដ្ឋកិច្ចពិសេស។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមអគ្គលេខាធិការបានថ្លែងអំណរគុណដល់ក្រុមហ៊ុនអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស ដែលបានចូលរួមទាក់ទាញវិនិយោគ និងថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋានដែលខិតខំថែរក្សាសុខសុវត្ថិភាពដល់វិនិយោគិន ដែលការណ៍នេះបានចូលរួមចំណែកលើកកម្ពស់បរិស្ថានវិនិយោគនៅកម្ពុជា។ ឯកឧត្តមអគ្គលេខាធិការបានលើកឡើងថាកិច្ចប្រជុំនាពេលនេះគឺផ្តោតសំខាន់លើរបៀបវារៈសំខាន់ចំនួនពីរ៖ (១). ការផ្សព្វផ្សាយច្បាប់ស្តីពី “ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” និង “អនុក្រឹត្យស្តីពីការគ្រប់គ្រងសន្តិសុខសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ” និង (២). ការជំរុញការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស។
នៅក្នុងកិច្ចប្រជុំនេះក៏មានការធ្វើបទបង្ហាញដោយឯកឧត្តមបណ្ឌិត សរ សិនិរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ដើម្បីឱ្យអង្គប្រជុំទាំងមូល ជាពិសេសតំណាងក្រុមហ៊ុនអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសជ្រាបអំពីខ្លឹមសារនៃ “ច្បាប់ពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” និង “អនុក្រឹត្យស្តីពីការគ្រប់គ្រងសន្តិសុខសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ” ដែលពាក់ព័ន្ធផងដែរដល់កាតព្វកិច្ចក្នុងការចូលរួមបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលនឹងបន្តលើកកម្ពស់ទំនុកចិត្តវិនិយោគិននៅក្នុងតំបន់សេដ្ឋកិច្ច។
នាឱកាសនេះ ដោយអនុលោមតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តមអគ្គលេខាធិការ បានរៀបចំសេចក្តីព្រាងលិខិតអះអាងអំពីការចូលរួមសហការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សម្រាប់ក្រុមហ៊ុនអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសទាំងអស់ ពិនិត្យ និងចុះហត្ថលេខា។ ឯកឧត្តមអគ្គលេខាធិការបានបញ្ជាក់ជូនថាការអះអាងជាលាយលក្ខ័ណ៍អក្សរនេះមិនមែនជាបន្ទុករដ្ឋបាលថ្មីសម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍តំបន់ទេ ប៉ុន្តែ វាជាសក្ខីភាពបង្ហាញពីការប្តេជ្ញាចិត្ត និងឆន្ទៈយ៉ាងមោះមុតជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយគ្មានបង្អង់ដៃ និងគ្មានការលើកលែង ហើយវាក៏នឹងក្លាយជាឧបករណ៍ដ៏មានសារៈសំខាន់សម្រាប់ចូលរួមទាក់ទាញការវិនិយោគឱ្យចូលមកតំបន់របស់ខ្លួនបន្ថែមទៀតផងដែរ។
មុននឹងបញ្ចប់ ឯកឧត្តមអគ្គលេខាធិការក៏បានរំលឹកដល់ក្រុមហ៊ុនអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស ដែលពុំទាន់មានការអភិវឌ្ឍ ឱ្យរួសរាន់ចាប់ផ្តើមរៀបចំហេដ្ឋារចនាសម្ព័ន្ធចាំបាច់ផ្សេងៗសំដៅទាក់ទាញការវិនិយោគចូលក្នុងតំបន់របស់ខ្លួន ចៀសវាងការប្រឈមនឹងការដកហូតមកវិញនូវគោលការណ៍អភិវឌ្ឍន៍តំបន់ ស្របតាមបទប្បញ្ញត្តិជាធរមាន។