23-01-2026

ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នារសៀលថ្ងៃសុក្រ ៥កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបបេក្ខជន បេក្ខនារីជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលនូវែលសេទ្បង់សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមអគ្គលេខាធិការបានសម្តែងនូវការស្វាគមន៍ និងអបអរសាទរចំពោះបេក្ខជន និងបេក្ខនារីទាំងអស់ដែលបានជាប់អាហាររូបករណ៍ទៅបន្តការសិក្សានៅប្រទេសនូវែលសេទ្បង់ ក៏ដូចជាថ្លែងអំណរគុណដល់រដ្ឋាភិបាលប្រទេសនូវែលសេទ្បង់ដែលបានផ្តល់ឱកាសដល់និស្សិតកម្ពុជាឱ្យបន្តការសិក្សានៅទីនោះ។ មានមតិសំណេះសំណាលក្នុងជំនួបនេះ ឯកឧត្តមអគ្គលេខាធិការបានចែករំលែកនូវបទពិសោធន៍ពាក់ព័ន្ធនឹងការរស់នៅ និងការសិក្សារៀនសូត្រនៅក្រៅប្រទេស ក៏ដូចជាជម្រាបដល់បេក្ខជន និងបេក្ខនារីទាំងអស់អំពីសាវតារ និងរចនាសម្ព័ន្ធរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រមទាំងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមអគ្គលេខាធិការសង្ឃឹមយ៉ាងមុតមាំថានៅពេលទៅដល់ប្រទេសនូវែលសេទ្បង់ និស្សិតជ័យលាភីអាហារូបករណ៍ទាំងអស់អាចដើរតួជាអ្នកនាំពាក្យ ផ្សព្វផ្សាយ និង កៀរគរអ្នកវិនិយោគឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះ តំណាងនិស្សិតជ័យលាភីអាហារូបករណ៍បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមអគ្គលេខាធិការដែលបានចំណាយពេលវេលា និងអនុញ្ញាតឱ្យនិស្សិតទាំងអស់ចូលជួបសម្តែងការគួរសមនាពេលនេះ។ តំណាងនិស្សិតបានបន្ថែមថា ការផ្តល់អនុសាសន៍ណែនាំរបស់ឯកឧត្តមអគ្គលេខាធិការគឺជាប្រទីបបំភ្លឺផ្លូវដល់និស្សិតឈានទៅរកភាពជោគជ័យក្នុងបេសកកម្មសិក្សានាពេលខាងមុខ។
មុននឹងបញ្ចប់ ឯកឧត្តមអគ្គលេខាធិការបានមានមតិផ្តាំផ្ញើ និងណែនាំឱ្យនិស្សិតទាំងអស់ត្រូវខិតខំថែរក្សាសុខភាព ប្រឹងប្រែងរៀនសូត្រ និងក្រេបយកចំណេះដឹង និងបទពិសោធន៍ល្អៗពីប្រទេសនូវែលសេទ្បង់ ដើម្បីកសាងសមត្ថភាពរបស់ខ្លួនបន្ថែម។ ឯកឧត្តមអគ្គលេខាធិការជឿជាក់ថាបន្ទាប់ពីបញ្ចប់ការសិក្សា និស្សិតទាំងអស់នឹងនាំយកនូវពុទ្ធិដែលខ្លួនបានក្រេបជញ្ជក់មកបន្តអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែរីកចម្រើន ប្រកបដោយចំណេះ ជំនាញ និងបទពិសោធពិតប្រាកដទៅតាមជំនាញរៀងៗខ្លួននៅពេលត្រទ្បប់មកកាន់មាតុប្រទេសវិញ។