14-11-2025

មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចូលរួមកម្មវិធីបើកវេទិកានិងពិព័រណ៍កសិកម្មកម្ពុជា (CAFE25) និងបានចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាតុមូល “ការផ្គត់ផ្គង់ទីផ្សារដើម្បីឆ្លើយតបនឹងកំណើនតម្រូវការក្នុងស្រុក និងសម្រាប់ការនាំចេញ៖ កាលានុវត្តភាពសម្រាប់វិស័យកសិស្បៀងអាហារនៅកម្ពុជា” ក្រោមការដឹកនាំសម្របសម្រួលឯកឧត្តមបណ្ឌិត ឆែម គាតរិទ្ធី ទេសរដ្ឋមន្រ្ដីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។ គួរបញ្ជាក់ជូនផងដែរថា វេទិកានិងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៥ (CAFE25) ត្រូវបានរៀបចំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមកិច្ចសហការពីអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ដៃគូអភិវឌ្ឍន៍ និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្ដី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា។ វេទិកាខាងលើមានការអញ្ជើញចូលរួមពី ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្ដីក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍, ឯកឧត្តមឯកអគ្គរដ្ឋទូតអូស្រ្ដាលីប្រចាំកម្ពុជា តំណាងស្ថានទូតប្រចាំនៅកម្ពុជា ក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងកសិករកម្ពុជា ប្រមាណ ១.២០០រូប។
ក្នុងកិច្ចពិភាក្សាឯកឧត្តមបានលើកឡើងអំពីទិដ្ឋភាពវិនិយោគ កញ្ចប់លើកទឹកចិត្តគ្រប់ជ្រុងជ្រោយដល់ការវិនិយោគក្នុងវិស័យដែលប្រកបដោយនវានុវត្តន៍និងចីរភាព និង កិច្ចសម្រួលនិងថែទាំវិនិយោគជ្រកក្រោមច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។ បន្ថែមពីនេះ ឯកឧត្តមក៏បានលើកឡើងអំពីអត្ថិភាពនៃកិច្ចសន្ទនារវាងរដ្ឋនិងវិស័យឯកជនកម្ពុជា-ជប៉ុន, កូរ៉េ, សហរដ្ឋអាម៉េរិក និងអឺរ៉ុប ព្រមទាំងវេទិការាជរដ្ឋាភិបាល-វិស័យឯកជន ដែលជាយន្តការប្រកបដោយប្រសិទ្ធភាពក្នុងការថែទាំវិនិយោគ បង្កើនភាពកក់ក្តៅនិងទំនុកចិត្តខ្ពស់ដល់វិនិយោគិនក្នុងការបន្ដសកម្មភាពវិនិយោគរបស់ខ្លួនបន្ថែមទៀត។ ទន្ទឹមនឹងនេះ ឯកឧត្តមបានជម្រាបជូនអំពីកិច្ចគាំទ្ររបស់ ក.អ.ក. តាមរយៈតុវិនិយោគតាមប្រទេស និងតាមវិស័យដែលបាននិងកំពុងចូលរួមផ្តល់សេវាវិនិយោគប្រកបដោយភាពកក់ក្តៅនិងគួរជាទីទុកចិត្តសម្រាប់វិនិយោគិន និងធុរជន។ ព្រមទាំងការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា ដែលដើរតួនាទីជួយពន្លឿនការផ្ដល់សេវាចុះបញ្ជីនៅកម្ពុជាឱ្យកាន់ប្រសើរ។ ឯកឧត្តមក៏បានលើកទឹកចិត្តដល់អ្នកផលិតក្នុងស្រុកចុះឈ្មោះប្រើប្រាស់ថ្នាលបច្ចេកវិទ្យាប្រព័ន្ធទិន្នន័យស្ដីពីសន្ធានកម្មខ្សែច្រវាក់ផ្គត់ផ្គង់ (SD2)សំដៅដល់ការធ្វើសន្ធានកម្មខ្សែច្រវាក់ផ្គត់ផ្គង់ជាមួយនឹងវិនិយោគិនបរទេស។